អិលអូអិលស៊ី (LOLC) បន្តគាំទ្រវិស័យអប់រំ និង​បរិស្ថានតាមរយៈការផ្តល់ជូនសម្ភារសិក្សាដល់សិស្សានុសិស្ស និងដាំកូនឈើនៅតាមបរិវេណសាលាតាមសហគមន៍

ខេត្តសៀមរាប ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤៖ អិលអូអិលស៊ី (LOLC) សាខាជីក្រែង មានមោទនភាពក្នុងការចូលរួមព្រឹត្តិការណ៍សហគមន៍ដ៏សំខាន់មួយបានដោយជោគជ័យ ដែលប្រារព្ធទៅនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ នៅអនុវិទ្យាល័យ ក្តីបេង ក្នុងភូមិថ្នល់ ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប។ ព្រឹត្តិការណ៍នេះមានគោលបំណងផ្គត់ផ្គង់នូវសម្ភារសិក្សា​គ្រប់គ្រាន់ដល់សិស្សានុសិស្សដើម្បីលើកទឹកចិត្តពួកគេឱ្យខិតខំរៀនសូត្រ និងក្លាយជាធនធានមនុស្សដ៏រឹងមាំ សម្រាប់ចូលរួមចំណែកអភិវឌ្ឍសង្គមជាតិនាពេលអនាគត។ ក្នុងឱកាសនោះដែរ អិលអូអិលស៊ី ក៏មិនមើលរំលងក្នុងការលើកកម្ពស់ការការពារបរិស្ថាន និងបង្ហាញនូវការប្តេជ្ញាចិត្តរបស់ អិលអូអិលស៊ី ចំពោះសហគមន៍ទាំងមូលតាមរយៈការដាំកូនឈើនៅតាមបរិវេណសាលាតាមសហគមន៍។

ក្នុងព្រឹត្តិការណ៍នោះ បុគ្គលិក អិលអូអិលស៊ី (LOLC) បានផ្តល់ជូនសម្ភារសិក្សា និងសម្ភារបង្រៀនជាច្រើនប្រភេទ ដូចជាសៀវភៅ ប៊ិច ហ្វឺត ទឹកហ្វឺត ក្រដាស A4 កៅអីជ័រ និងធុងសំរាម។ សម្ភារសំខាន់ៗទាំងនេះនឹងជួយដោះស្រាយនូវការខ្វះខាតរបស់សាលា និងជួយជំរុញលទ្ធភាពរបស់សិស្សានុសិស្សក្នុងការរៀនក្រេបយកចំណេះវិជ្ជាបន្ថែមទៀតសម្រាប់អនាគតដ៏ត្រចះត្រចង់សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។

គួរបញ្ជាក់ថា អិលអូអិលស៊ី (LOLC) ក៏បានចូលរួមចំណែកជួយទៅដល់បរិស្ថានផងដែរ​តាមរយៈការចូលរួមយ៉ាងសកម្មក្នុងការដាំកូនឈើនៅក្នុងបរិវេណសាលា។ ការដាំកូនឈើនេះ មិនត្រឹមតែធ្វើឱ្យបរិវេណសាលាមានភាពស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកបង្កើតសហគមន៍ពណ៌បៃតងនាពេលអនាគតផងដែរ។ កូនឈើដែលទើបដាំថ្មីនឹងផ្តល់ម្លប់ បន្សុទ្ធខ្យល់បរិសុទ្ធ និងលើកកម្ពស់ជីវៈចម្រុះសម្រាប់ថ្ងៃខាងមុខ ។

ព្រឹត្តិការណ៍​សហគមន៍​នៅ​នៅអនុវិទ្យាល័យ ក្តីបេង ​ទទួលបាននូវភាព​ជោគជ័យ​ និងបានបន្សល់ទុកនូវការចងចាំល្អៗ និងការរួមចំណែកយ៉ាងកក់ក្តៅដល់សាលារៀន សិស្សានុសិស្ស និងសហគមន៍ជុំវិញ។ គំនិតផ្តួចផ្តើមនេះដើរតួជាឧទាហរណ៍សំខាន់នៃការប្តេជ្ញាចិត្តរបស់ អិលអូអិលស៊ី (LOLC) ចំពោះការជួយដល់សហគមន៍ និងការអភិវឌ្ឍសង្គមជាតិ។