ប្រូម៉ូសិន
ប្រូម៉ូសិន
រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣៖ ថ្មីៗនេះ លោក សុខ សុផល អនុប្រធាននាយកប្រតិបត្តិ បានបញ្ចប់ វគ្គសិក្សាតាមអនឡាញដែលមានរយៈពេល ២សប្តាហ៍ ដោយជោគជ័យ។ ពីសាលាបណ្តុះបណ្តាលផ្នែកស៊ើបអង្កេតបទល្មើសពន្ធដារ និងហិរញ្ញវត្ថុ OECD នៅអាស៊ីប៉ាស៊ីភិច បានរៀបចំវគ្គសិក្សាទូលំទូលាយមួយ ស្តីពី “ការស៊ើបអង្កេតការគ្រប់គ្រងហិរញ្ញវត្ថុ (កម្រិតមធ្យម)” ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣។ វគ្គសិក្សានេះត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ចំណេះដឹង និងជំនាញរបស់អ្នកចូលរួមពាក់ព័ន្ធនឹងការស៊ើបអង្កេតហិរញ្ញវត្ថុ ដោយផ្តោតជាសំខាន់លើតំបន់អាស៊ីប៉ាស៊ីភិច។
ស្របពេលជាមួយគ្នានេះ កញ្ញា គិត ម៉ារ៉ាឌី នាយិកានាយកដ្ឋានច្បាប់ និងប្រតិបត្តិតាម ក៏បានបញ្ចប់វគ្គសិក្សានេះដោយជោគជ័យផងដែរ នៅក្នុងខែមិថុនា ឆ្នាំ២០២៣ ពីស្ថាប័នខាងលើនេះ។
នៅក្នុងវគ្គសិក្សានេះ គេសង្កេតឃើញមានការចូលរួមយ៉ាងសកម្មពីអ្នកជំនាញជាច្រើនដែលតំណាងឱ្យភ្នាក់ងារអនុវត្តច្បាប់ផ្សេងៗគ្នាដូចជា ស្ថាប័នហិរញ្ញវត្ថុ អាជ្ញាធរពន្ធដារ និងអង្គភាពនានារបស់រដ្ឋាភិបាលដែលពាក់ព័ន្ធនៅទូទាំងតំបន់អាស៊ីប៉ាស៊ីភិច ហើយក៏មានអ្នកចូលរួមមកពីបណ្តាប្រទេសមួយចំនួនទៀតដូចជា អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី ម៉ាឡេស៊ី ថៃ និងប្រទេសផ្សេងទៀត ដើម្បីចូលរួមផ្លាស់ប្តូរបទពិសោធន៍ផ្បេងៗគ្នា និងការអនុវត្តដ៏ល្អបំផុតក្នុងការស៊ើបអង្កេត បទល្មើសហិរញ្ញវត្ថុ។
វគ្គសិក្សានេះក៏បានលើកយកប្រធានបទជាច្រើនមកអនុវត្តទាក់ទងនឹងការស៊ើបអង្កេតការគ្រប់គ្រងហិរញ្ញវត្ថុ ការផ្តោតលើបច្ចេកទេសកម្រិតខ្ពស់សម្រាប់តាមដានលំហូរហិរញ្ញវត្ថុខុសច្បាប់ ការវិភាគហិរញ្ញវត្ថុ ការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាដើម្បីស៊ើបអង្កេតបទល្មើសហិរញ្ញវត្ថុ ការយល់ដឹងអំពីរូបិយប័ណ្ណគ្រីបតូក្នុងប្រតិបត្តិការខុសច្បាប់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសហិរញ្ញវត្ថុ។ ហើយតាមរយៈវគ្គសិក្សានេះផងដែរ ក៏បានពិភាក្សាលើការត្រួតពិនិត្យផ្នែកច្បាប់ និងក្រមសីលធម៌ជុំវិញការស៊ើបអង្កេតហិរញ្ញវត្ថុ ក៏ដូចជាបញ្ហាប្រឈមដែលបង្កឡើងដោយបទល្មើសហិរញ្ញវត្ថុ។
Publish date: December 27, 2023
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានបម្រើដល់សាធារណជន និងសង្គមកម្ពុជា អស់រយៈពេលជាង២៩ឆ្នាំមកហើយ ហើយក៏ត្រូវបានទទួលស្គាល់ពីស្ថាប័នហិរញ្ញវត្ថុជាតិ និងអន្តរជាតិផងដែរ។ ផលិតផល និងសេវាកម្មរបស់យើង ត្រូវបានបង្កើតឡើងដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់អតិថិជនកម្ពុជា។
©Copyrght 2024 LOLC (Cambodia) Plc , All Rights Reserved